Apr 24, 2012

ដំណើរកំសាន្តពេលចូលឆ្នាំថ្មីរបស់ជនពិការធ្ងន់ធ្ងរ


ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១២
អ្នកចូលរួមចំនួន ១៧នាក់
បុគ្គលិកPPCIL        ៥នាក់
ជនពិការធ្ងន់ធ្ងរ ៥នាក់
ជំនួយការផ្ទាល់ខ្លួន ៦នាក់
និងភរិយាលោក ម៉ី សាម៉ីត

កាលពីថ្ងៃទី១១ ខែ មេសា ឆ្នាំ ២០១២ មុនថ្ងៃចូលឆ្នាំថ្មីចំនួន២ថ្ងៃ មជ្ឈមណ្ឌលជីវិតរស់នៅដោយ ឯករាជ្យនៃជនពិការភ្នំពេញ បាននាំជនពិការធ្ងន់ធ្ងរទៅទស្សនាព្រះបរមរាជវាំង និងទៅកំសាន្ត នៅរមណិយដ្ឋានកោះដាច់។ នេះជាលើកទីមួយហើយដែលមជ្ឈមណ្ឌលបានរៀបចំដំណើរកំសាន្តសំរាប់ជនពិការធ្ងន់ធ្ងរនេះ ឡើង។
ជំនួយការផ្ទាល់ខ្លួនរុញជនពិការធ្ងន់ធ្ងរឡើងផ្លូវជំរាលក្នុងព្រះបរមរាជវាំង


បុគ្គលិកមជ្ឈមណ្ឌល, ជនពិការធ្ងន់ធ្ងរ, ជំនួយការផ្ទាល់ខ្លួនថតរូបជុំគ្នានៅក្នុងទីធ្លាព្រះបរមរាជវាំង


ថតរូបជុំគ្នាមុនចេញពីព្រះបរមរាជវាំង



គោលបំណងនៃការបង្កើតកម្មវិធីនេះឡើងគឺដោយសារតែជារៀងរាល់ឆ្នាំ នៅពេលដែលមានពិធី បុណ្យទានម្តងៗ ជនពិការធ្ងន់ធ្ងរមិនដែលបានចេញទៅកំសាន្តនៅខាងក្រៅជាមួយនឹងក្រុមគ្រួសារ របស់ពួកគាត់ទេ។ ហេតុដូច្នេះហើយទើបមជ្ឈមណ្ឌលរៀបចំដំណើរកំសាន្តនេះឡើងដើម្បីឲ្យ ពួកគាត់មានឳកាសចេញមកកំសាន្តនៅតាមរមណីដ្យឋាននានាដោយប្រើប្រាស់ជំនួយការ ផ្ទាល់ខ្លួន។
នៅវេលាម៉ោង ៧:០០ព្រឹក បុគ្គលិកមជ្ឈមណ្ឌលនិងជំនួយកាផ្ទាល់ខ្លួនបានចេញដំណើរពីការិយា ល័យដោយរថយន្តទូរីស១៥កៅអីទៅទទួលជនពិការធ្ងន់ធ្ងរនៅតាមផ្ទះរបស់ពួកគាត់។ ហើយផ្ទះរបស់ពួកគាត់គឺភាគច្រើនស្ថិតនៅឯជាយក្រុង និងនៅឆ្ងាយៗពីគ្នា។ ថ្វីត្បិតតែចំនួនអ្នក ជិះរថយន្តល្មមនឹងចំនួនកៅអីរថយន្តក៏ពិតមែន ប៉ុន្តែជនពិការធ្ងន់ធ្ងរទាំងអស់ព្រមទាំងបុគ្គលិក មជ្ឈមណ្ឌលមួយចំនួនត្រូវការរទេះរុញ​ផ្ទាល់ខ្លួនរបស់ពួកគេម្នាក់មួយៗដើម្បីងាយស្រួលក្នុងការ ចល័តទី។ ដូច្នេះរថយន្តតែមួយមិនអាចដឹកអ្នកដំណើរផង និងរទេះរុញផងបានទេ ហេតុដូច្នេះ ហើយពួកយើងត្រូវការម៉ូតូកង់បីមួយដើម្បីដឹករទេះរុញរបស់ជនពិការធ្ងន់ធ្ងរ។ ដោយសារតែផ្ទះរបស់ជនពិការ ធ្ងន់ធ្ងរនៅឆ្ងាយពីគ្នាដូច្នេះហើយទើបយើងត្រូវ ចំណាយពេលអស់ បីម៉ោងបន្ទាប់មកពួកយើងបាន ទៅដល់ព្រះបរមរាជវាំងនៅម៉ោង ១០:៣០ នាទី ហើយពួកយើងក៏ នាំគ្នាចូលក្នុងព្រះបរម រាជវាំងដើម្បីទស្សនាប្រាសាទផ្សេងៗនិងសួនច្បារដ៍ស្រស់ស្អាតមានផ្កាជា ច្រើនប្រភេទព្រមទាំងដើមឈើធំៗដែលមានម្លប់យ៉ាងត្រជាក់ធ្វើឲ្យពួកយើងមានអារម្មណ៍រីករាយ ហើយនាំគ្នាថត រូបទុកជាអនុស្សាវរីយ៍ជាច្រើនសន្លឹកទៀតផង។ ប៉ុន្តែដោយសារពេលវេលាខ្លីពួក យើងមិនបានទស្សនាព្រះបរមរាជវាំងសព្វកន្លែងនោះទេដូច្នេះពួកយើងក៏បានចាកចេញពីព្រះបរម រាជវាំងនៅម៉ោង១២:០០ ដើម្បីបន្តដំណើរ​ទៅរមណីយដ្ឋានកោះដាច់បន្តទៀត។ នៅពេលទៅដល់ រមណីយដ្ឋានកោះដាច់ភ្លាមពួកយើងប្រញាប់​ធ្វើម្ហូបដែលពួកយើងបានត្រៀមទុក និងកម្មង់ម្ហូប បន្ថែមដើម្បីឆាប់បានញ៉ាំជុំគ្នាពីព្រោះថាពួកយើង​ម្នាក់ៗសុទ្ឋតែមិនទាន់បានញ៉ាំអាហារពេលព្រឹក ទាំងអស់គ្នា។
បន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់រួចមកពួកយើងជជែកគ្នាលេង ហើយអ្នកខ្លះទៀតក៏បានចុះងូតទឹកលេង ព្រមជាមួយគ្នានោះក៏មានជនពិការធ្ងន់ធ្ងន់ចុះងូតទឹកលេងជាមួយនឹងជំនួយការផ្ទាល់ខ្លួនរបស់គាត់ ផងដែរ។ ថ្វីត្បិតដំណើរកំសាន្តនេះពោរពេញទៅដោយភាពសប្បាយរីករាយ ប៉ុន្តែពួកយើងក៏មាន ការលំបាកមួយចំនួនដែរ​ ការលំបាកនោះគឺថាយើងមានជនពិការធ្ងន់ធ្ងរស្រីៗចំនួនរហូតដល់៤នាក់ រីឯជំនួយការផ្ទាល់ខ្លួនស្រីៗវិញ មានតែ២នាក់ទេ ប៉ុន្តែទោះជាយ៉ាងក៏ដោយពួកបានខិតខំធ្វើការងារ ជាជំនួយការផ្ទាល់បានយ៉ាងល្អ។
ទាំងអស់គ្នារីករាយនឹងដំណើរកំសាន្តនេះខ្លាំងណាស់ ពីព្រោះដំណើរកំសាន្តនេះធ្វើឲ្យសហគមន៍ ខាងក្រៅមើលឃើញ​ថា បើទោះបីជាពួកគាត់ជាជនពិការធ្ងន់ធ្ងរក៏ពិតមែនប៉ុន្តែពួកគាត់នៅតែអាច ចូលរួមក្នុងសង្គមបានប្រកបដោយភាពស្មើគ្នា ប្រសិនបើមានប្រព័ន្ឋជំនួយការផ្ទាល់ខ្លួនសំរាប់ ពួកគាត់ ហើយសិទ្ឋរបស់ពួកគាត់​នឹងត្រូវស្តែងឡើងយ៉ាងពិតប្រាកដ។

ជំនួយការផ្ទាល់ខ្លួនលើករទេះរុញដាក់លើម៉ូតូកង់បី

ជនពិការធ្ងន់ធ្ងរកំពុងងូតទឹកទន្លេលេង ដោយប្រើប្រាស់ជំនួយការផ្ទាល់ខ្លួន



















កញ្ញា សុធារ៉ា ចុះងូតទឹកលេងយ៉ាងសប្បាយរីករាយ
















ថតរូបជុំគ្នានៅកោះដាច់