May 28, 2012

ខ្ញុំសាម៉ី, សួស្តីពីជប៉ុន! ការធ្វើដំណើរពីតូក្យូ ត្រឡប់មកអូសាកាវិញ

នៅថ្ងៃទី២៦ ខែឧសភានេះ ខ្ញុំបានបញ្ចប់ទស្សនៈកិច្ចនៅទីក្រុងតូក្យូ រួចត្រូវវិលត្រឡប់ទៅទីក្រុង​អូសាកាវិញ។ ខ្ញុំបានគិតថា ពេលដែលខ្ញុំមកដល់តូក្យូខ្ញុំនិងគេងឲ្យបានឆ្អែត តាមពិតទៅខ្ញុំបាន​មកដល់ទីក្រុងតូក្យូមិនដែលបានគេងនៅម៉ោង១១ ឬម៉ោង១២ដូច​ដែលបានគិតមកនោះទេ។ គឺពេលវេលាគេងដូចនៅអូសាកាដែរ គ្រាន់តែរហ័សជាងបន្តិច នៅអូសាកា នីស៊ីណូមីយ៉ា គេងនៅម៉ោង ៤ព្រឹក ឬ៥ព្រឹក ពេលមកដល់តូក្យូគេងនៅម៉ោង ៣.៣០នាទី ថ្ងៃទី១ ដោយខ្ញុំបាន​ជជែក​គ្នាជាមួយបុប្ផារហូត ពិតជាសប្បាយណាស់។
មិនសូវបានគេងយ៉ាងនេះ ថ្ងៃត្រឡប់ទៅអូសាកាវិញក៏មិនបានគេងឆ្អែតទៀតនោះ ស្រាប់មើល​សំបុត្រ​ស៊ីនកាន់សែន (Shinkansen) រថភ្លើងលឿនជាងគេរបស់ជប៉ុន ចេញដំណើរនូវ១១ព្រឹក ដូច្នេះត្រូវជួបជុំរៀបចំចេញដំណើរពីតូយ៉ាម៉ាសាន់រ៉ាយ (Toyama Sunraise)នៅម៉ោង៧.៣០នាទីព្រឹក ពីព្រោះបុគ្គលិកJSRPD ក៏ជូនដំណើរពួកយើងផងដែរ ហេតុនេះធ្វើឲ្យខ្ញុំងងុយគេងយ៉ាងខ្លាំង ដើរហាក់ជាគ្មានកំលាំងទាល់តែសោះ ងងុយតែគេង។
ពេលនោះ បុប្ផាក៏ និងមិត្តរបស់គាត់មកពីប្រទេស ហ្វីជី បានជូនដំណើរខ្ញុំរហូតដល់កន្លែងជិះរថភ្លើង​លឿន។ បុប្ផាពិតជាចិត្តបានណាស់ ជិះរថភ្លើងជូនពួកយើងទាល់តែមកដល់ស្ថានីយ៏រថភ្លើង​លឿន។
ខ្ញុំមិនសូវបានគេង រីឯពោះក៏ឃ្លាន ក៏សំរេចចិត្តទិញអូនីហ្គីរី(បាយជប៉ុន)ដើម្បីញ៉ាំក្នុងរថភ្លើងលឿន ការទៅវិញពិតជាមានការពិបាក ព្រោះខ្ញុំចង់ញ៉ាំអូនីហ្គីរីណាមានរសជាតិឆ្ងាញ់ ដូច្នេះក៏ចំណាយ​ពេល​យូរ។ បន្ទាប់មកខ្ញុំនិងមិត្តភក្តិមកពីណេប៉ាល់បានទៅជិះជណ្តើរយន្តតែពីរនាក់ដើម្បីទៅជិះ​រថភ្លើងលឿន ដោយ​មិនសូវដឹងពីទីតាំងឆែកសំបុត្រ និងរបៀបជិះរថភ្លើងលឿន និងត្រូវចាំគ្នាផង​នោះក៏ធ្វើឲ្យពួកយើង​ចំណាយយូររហូត​ដល់​ជ្រុងម៉ោងមិនអាចឡើងជិះរថភ្លើងបាន។ ពួកយើងបានប្តូរម៉ោងជិះមកម៉ោង១.១០នាទីវិញ។ ពួកយើង៤នាក់នេះជា​បទពិសោធន៏ដ៏មិនអាច​បំភ្លេច តែត្រូវប្រុងប្រយ័ត្ននៅពេលក្រោយ!
រូបថតជុំគ្នាជាមួយ បុគ្គលិកJSRPD, បុគ្គលិកTOYAMA SUNRAISE មុនចេញដំណើរមកអូសាកា
ថតនៅក្នុងរថភ្លើងលឿន
មកដល់ការិយាល័យមែនស្រ្តីន, អាហារពេលល្ងាចម្ហូបស៊ុបជប៉ុន ហៅថា អូណាបេ