Friday, July 13, 2012

កញ្ញា ជា បុប្ផាបង្ហាញពីរបៀបធ្វើ Power Point

ថ្ងៃទី១៣ វេលាម៉ោង២ និង៣០នាទីរសៀល នៅការិយាល័យ កញ្ញា ជា បុប្ផា បានចែករំលែក​បទពិសោធន៍​ការងារ​ដែលកញ្ញាបានទៅរៀននៅ កម្មវិធីដាស្គីន វគ្គ១៣នៅប្រទេសជប៉ុន រយៈពេលមួយឆ្នាំ (ឆ្នាំ២០១១ ដល់ឆ្នាំ ២០១២) ដល់បុគ្គលិក ។ មុនដំបូងកញ្ញាបានបង្រៀនពីរបៀបធ្វើ Power point ក្នុងគោលបំណងចង់ឲ្យ​បុគ្គលិកទាំងអស់ ចេះធ្វើបទបង្ហាញដើម្បីវាស់ស្ទង់ពីកំរិតសមត្ថភាពបុគ្គលិម្នាក់ៗ ក្នុងកម្មវិធីបណ្តុះបណ្តាល​សមត្ថភាពបុគ្គលិក ដែលនិងធ្វើ នៅថ្ងៃទី២៣ ខែកក្កដា ព្រមទាំងដើម្បីឲ្យមានភាពស្ទាត់ជំនាញ លើការធ្វើបទបង្ហាញក្នុងកម្មវិធីនិមួយៗ ផងដែរ ។ 
អ្នកចូលរួមមាន៥នាក់ បងសេង ញឹប, បងឡៃហឿន, បងរតនា, កញ្ញា សុផារ៉ា និងខ្ញុំ(សុធារ៉ា) ។

ប្រធានបទសំខាន់គឺ កញ្ញា បានចែករំលែកពី  Power Pointរួមមាន៖
1-ការបង្កើត Slide
2- របៀបធ្វើរូបភាពឲ្យតូច និងការដាក់រូបភាព
3-របៀបបង្កើតប្រអប់សរសេរអក្សរ និងទំរង់ប្រអប់
4-របៀបដូរ Background ។ល។

ជាពិសេស កញ្ញាបានបង្ហាញពីរបៀបធ្វើបទបង្ហាញ ដូចជាការនិយាយ និងកាយវិការពេលធ្វើ​បទបង្ហាញជាដើម ។


ខាងក្រោមនេះជារូបភាពសកម្មភាពនៃបទបង្ហាញ
កញ្ញាបុប្ផាកំពុងពន្យល់សុធារ៉ា
សកម្មភាពពេលបង្ហាញ


សកម្មភាពការបង្ហាញ





Monday, July 9, 2012

ការទទួលភ្ញៀវមកទស្សនៈកិច្ច PPCIL

ថ្ងៃទី09  ខែកក្កដា ឆ្នាំ2012
មជ្ឈមណ្ឌល PPCIL បានស្វាគមន៏កញ្ញា ណាកាម៉ូរ៉ា ថាក់អេកុ ជាជនជាតិជប៉ុន មកទស្សនៈកិច្ចមជ្ឈមណ្ឌល។ បុគ្គលិក PPCIL បានធ្វើការណែនាំខ្លួន ដែលចាប់ផ្ដើមពីកញ្ញា បុប្ផា,លោក ឡៃហឿន .សុផារ៉ា,សុធារ៉ា និងលោក រតនា ធ្វើការណែនាំឈ្មោះ ប្រភេទពិការ និងគោលបំណងនៃការងារ ដែលកំពុងធ្វើសកម្មភាព។ បន្ទាប់មកកញ្ញា ណាកាម៉ូរ៉ា ណែនាំពីការងាររបស់គាត់នៅឯប្រទេស ជប៉ុន ថាការងាររបស់គាត់មិនទាក់ទងជាមួយជនពិការទេ ការងារនោះគឺគាត់ជាអ្នករៀបចំពិធី អាពាហ៏ពិពាហ៏។ គាត់មកលេងប្រទេសថៃ និងប្រទេសកម្ពុជា រយៈពេលជិតមួយខែហើយ ថ្ងៃទី12នេះ គាត់នឹងត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញ។ គាត់បាននិយាយបន្តទៀតថា ប្រសិបើជាបុគ្គលិក ​PPCIL មានឱកាសទៅប្រទេសជប៉ុន អាចទៅស្នាក់នៅផ្ទះរបស់គាត់បាន ពីរ បីថ្ងៃបាន។ ការណែនាំរបស់កញ្ញា ណាកាម៉ូរ៉ា បានបញ្ចប់ លោកម៉ី សាម៉ីត បានណែនាំអំពីប្រវត្តិនៃការចាប់ផ្ដើមបើកមជ្ឈមណ្ឌល និងជីវិតរស់នៅផ្ទាល់របស់គាត់។
កញ្ញា ណាកាម៉ូរ៉ា កញ្ញា ធារ៉ា និង កញ្ញាមុន្នីរ័ត្ន បានធ្វើម្ហូបសម្រាប់ញ៉ាំអាហារថ្ងៃត្រង់ជុំគ្នា។



 
ការណែនាំខ្លួនរបស់បុគ្គលិកPPCIL និងកញ្ញា ណាកាម៉ួរ៉ា




កញ្ញា បុប្ផា ណែនាំខ្លួន
 
លោកម៉ី សាម៉ីត ពន្យល់ប្រវត្តិរបស់មជ្ឈមណ្ឌលPPCIL
កញ្ញា ណាកាម៉ូរ៉ា រៀបចំអាហារថ្ងៃត្រង់

មុននឹងញ៉ាំ ថតរូបមួយសិន!!!
ចាប់ផ្ដើមញ៉ាំអាហារទាំងអស់គ្នា

មជ្ឈមណ្ឌលPPCIL បានចុះទៅសួរសុខទុក្ខ បងស្រីចន្ថា

ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១២ បុគ្គលិកPPCIL បានចុះទៅផ្ទះបងស្រី ឆេង ចន្ថា មានអាយុ៣៥ឆ្នាំ ភូមិជើងឯក សង្កាត់ព្រៃស ខណ្ឌដង្កោ ភ្នំពេញ។ បងស្រីធ្លាក់ខ្លួនពិការបាក់ឆ្អឹងក. ដោយសារគ្រោះ​ថ្នាក់​ចរាចរណ៍ នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១១ (៨ខែមុន) ។
ពេលក្រុមការងារយើងបានទៅដល់ផ្ទះ បងស្រីចន្ថាភ្លាម ស្រាប់តែភ្លៀងមួយមេយ៉ាងធំ បានធ្លាក់​មកយ៉ាងខ្លាំងដូចជាការស្វាគមន៏ក្រុមការងារយើង​អញ្ចឹង!

កាលពីសប្តាហ៏មុន ពេលដែលមជ្ឈមណ្ឌលបានដឹងដំណឹងភ្លាមក្រុមការងារមានបុគ្គលិក ៤នាក់ រួមមាន លោកសាម៉ីត, កញ្ញាបុប្ផា, កញ្ញាសុធារ៉ា, លោកញ៉ឹប និងជំនួយការម្នាក់គឺ លោកសុខជា បានចុះទៅសួរសុខទុក្ខ​បងស្រី​ចន្ថា ព្រោះបងស្រីមានការធ្លាក់ទឹកចិត្ត ដោយមិនអាចទទួលយកការ​ពិតនេះបាន ។ បងស្រីតូចចិត្ត ខ្លួនឯងមិនចង់រស់នៅនាំតែពិបាក ពេលឈឺចុកចាប់ពេញរាងកាយ​ដោយសារ​ជម្ងឺរបស់គាត់ ។
គួរបញ្ជាក់ថា បច្ចុប្បន្នបងស្រីនៅមានការឈឺចាប់ ហើយស្រីនៅជាអ្នកជម្ងឺនៅឡើយ មិនទាន់ក្លាយ​ជាអ្នកពិការ១០០%ទេ។ សព្វថ្ងៃបងស្រីមានប្អូនស្រីបង្កើតរបស់បងមើលថែទាំរៀងរាល់ថ្ងៃ ។
ពេលដែលក្រុមការងារទៅដល់ផ្ទះគាត់ យើងទាំងអស់គ្នាក៍បានធ្វើការណែនាំខ្លួន ដើម្បីឲ្យបង​ស្រី​ចន្ថាបានស្គាល់​​ បន្ទាប់មក បងញឹបបាននិយាយពីប្រវត្តិរបស់គាត់ ពេលដែលគាត់ទើបបាន​គ្រោះ​ថ្នាក់ចរាចរណ៍ គឺនៅពេលដែលគាត់ធ្វើដំណើរទៅបង្រៀនសិស្សនៅវិទ្យាល័យសុខាផល្លី ខេត្ត​កំពង់ស្ពឺ។ ពេល គ្រោះថ្នាក់ថ្មីៗ គាត់ក៏មិនអាចធ្វើចិត្តបានដែរ បងញឹបបានរៀបរាប់ពី លក្ខណៈ ​និងស្ថានភាពពិការរបស់គាត់ប្រាប់ដល់បងស្រីចន្ថាឲ្យដឹង តែពេលនេះបងញឹប ក្លាយជាមនុស្ស​ម្នាក់ថ្មីពេលដែលបានស្គាល់ មជ្ឈមណ្ឌលPPCIL ។ សព្វថ្ងៃ បងញឹប អាចមកធ្វើការនៅPPCIL​ដោយប្រើជំនួយការ ហើយបងញ៉ឹបសំណូមពរឲ្យបងចន្ថា រឹងមាំឡើង ដើម្បីបានចូលរួមរាល់​សកម្មភាពរបស់PPCIL និងបានលើកទឹកចិត្តដល់បងចន្ថាផងដែរ ។ ក្នុងនោះកញ្ញា បុប្ផា បាននិយាយ ពីបញ្ហាពិការភាពប្រាប់ដល់បងចន្ថា ឲ្យគាត់យល់ថាអ្នកពិការ គ្រប់រូបមានសិទ្ធិ​ជាមូលដ្ឋានរបស់គាត់ ហើយជនពិការមិនត្រូវលាក់ខ្លួន នៅតែក្នុងផ្ទះមិនហ៊ាន ចេញមកខាងក្រៅ​នោះទេ ។  យើងត្រូវចេញមកមើលសង្គមខាងក្រៅដើម្បីដឹងថាយ៉ាងណា ថាជនពិការធ្ងន់ធ្ងរ ត្រូវការអ្វីខ្លះ? បន្តទៀតកញ្ញាបុប្ផា បានរៀបរាប់ពីសកម្មភាពមជ្ឈមណ្ឌលPPCILធ្វើការមាន ៥ កម្មវិធី ១.ផ្នែកអប់រំ ២.ផ្នែកពិគ្រោះយោបល់ ៣.តស៊ូមតិ ៤.ផ្នែកជីវិតឯករាជ្យនៃជនពិការ ៥.ផ្នែកជំនួយការ​ផ្ទាល់ខ្លួន ។ ពួកយើងទាំងអស់គ្នាសូមឲ្យបងស្រីចន្ថា មានចិត្តតស៊ូ ក្លាហានទទួល យកអ្វីជាការពិត ពិការភាពមិនមែនជាការខ្មាស់អៀននោះទេ នៅមានជនពិការច្រើនទៀតដែល នៅរងចាំការជួយ​និងលើកទឹកចិត្តពីបងស្រី ដូច្នេះបងស្រីត្រូវតែរឹងប៉ឹងឡើង ដើម្បីចលនាពិការភាព ។ ពេលដែលបងស្រីចន្ថា បាននិយាយពីអារម្មណ៍នៅក្នុងចិត្តរបស់គាត់ ជាមួយបុគ្គលិកPPCIL បានធ្វើឲ្យអារម្មណ៍ធូរស្បើយម្តងបន្តិចៗ ។ ថ្ងៃមុខ មជ្ឈមណ្ឌលPPCIL និងឧស្សាហ៍ទៅលេងបងស្រី ឆេង ចន្ថា អោយបានញឹកញាប់។

ខាងក្រោមនេះជាវីដេអូឃ្លីបនៃសកម្មភាព / Video Clip:
 


ក្រុមបុគ្គលិកPPCILចុះទៅជួបបងស្រី ចន្ថា
បងស្រី ចន្ថា កំពុងគេងនៅលើគ្រែ

ការលើកទឹកចិត្តពី លោកសេង ញឹប ជាជនពិការធ្ងន់ធ្ងរដូចគ្នា

កញ្ញា បុប្ផា លើកទឹកចិត្តដល់បងស្រី ចន្ថា



Thursday, July 5, 2012

កម្មវិធីជប់លៀងស្វាគមន៍ កញ្ញា ជា បុបា្ជ មកពីប្រទេសជប៉ុន

នៅល្ងាចថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១២ បន្ទាប់ពីកញ្ញា បុប្ជាត្រឡប់មកពីប្រទេសជប៉ុនវិញបានមួយថ្ងៃ មជ្ឈមណ្ឌល PPCIL បានរៀបចំកម្មវិធី ទទួលស្វាគមន៍ការត្រឡប់មកវិញរបស់កញ្ញា។

កម្មវិធីនេះចាប់ផ្តើមនៅម៉ោង ៦:០០ ល្ងាច ដោយមានអ្នកចូលរួមជាច្រើននាក់ដូចជា៖

  • បុគ្គលិក និងជំនួយការផ្ទាល់ខ្លួនស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌល PPCIL
  • មិត្តភ័ក្តរបស់កញ្ញា ជា បុប្ជា
  • និងជនជាតិជប៉ុន ២នាក់
នៅពេលចាប់ផ្តើមកម្មវិធីលោក វ៉ែន រតនា បានបញ្ចេញនូវសេចក្ដីរីករាយចំពោះ ការវិលត្រលប់មកវិញរបស់កញ្ញ បុប្ជា ព្រមទាំងបានរៀបរាប់ក្ដីសង្ឃឹមថ្មីថា ពេលកញ្ញា បុប្ផា បាននាំយកបទពិសោធន៏ថ្មីមកចែករំលែកដល់បុគ្គលិក PPCIL។ បន្ទាប់មកកញ្ញា សុធារ៉ា និយាយអំពីការរៀបចំកម្មវិធីជប់លៀងនេះ ដោយមានការប្រមូលជាថវិកាពីអ្នកចូលរួមទាំងអស់ គ្នា។ ក្នុងកម្មវិធីមានតែអាហារ និងទឹកបរិសុទ្ធ សម្រាប់ទទួលប៉ុណ្ណោះ ប្រសិនបើជាអ្នកចូលរួម ត្រួវការភេសជ្ជៈ ជាស្រាបៀរ ឬទឹកក្រូច គឺមជ្ឈមណ្ឌល មានលក់ជូនដល់អ្នកចូលរួម ព្រោះថាមជ្ឈ មណ្ឌល បានបង្កើតការលក់ទំនិញនៅក្នុងការិយាល័យ ដើម្បីអោយមានលក្ខណៈងាយស្រួលដល់ បុគ្គលិក និងអ្នកមកលេងនៅ PPCIL។
ការបង្ហាញចំណាប់អារម្មណ៏របស់កញ្ញា បុប្ផា ចំពោះកម្មវិធីជប់លៀងនេះ៖
កញ្ញា បុប្ផា បានអរគុណដល់បុគ្គលិក និងអ្នកចូលរួមទាំងអស់ ដែលបានរៀបចំកម្មវិធីជប់លៀង ការវិលត្រឡប់របស់កញ្ញា។ កញ្ញា បានរៀបរាប់់ពីគោលបំណងអំពីការវិលត្រឡប់មកធ្វើការងារ រួមគ្នាជាថ្មីនេះ និងចែករំលែកបទពិសោធន៏ ដែលកញ្ញាបានទៅរៀននៅឯប្រទេសជប៉ុន អស់ រយៈពេលមួយឆ្នាំកន្លងមកនោះ ដល់មិត្តរួមការងារ។

លោក រតនា និងកញ្ញាធារ៉ា ចាប់ផ្ដើមកម្មវិធីជប់លៀង




 
កញ្ញា បុប្ផា និងម្ដាយរបស់កញ្ញា



ញ៉ាំអាហារជុំគ្នា
រីករាយណាស់ ពេលជប់លៀងជួបជុំគ្នា

ស្វាគមន៏ការវិលត្រលប់មកវិញរបស់កញ្ញា ជា បុប្ជា

នៅយប់ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១២ កញ្ញា ជា បុប្ជា បានវិលត្រលប់មកពីប្រទេសជប៉ុន។ កញ្ញា ជា បុប្ជា ជាបុគ្គលិក របស់មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ ផ្នែកពិគ្រោះយោបល់។ កញ្ញា ត្រូវបានជ្រើសរើសជា បេក្ខជនទទួលបានអាហាររូបករណ៍ទៅសិក្សាក្នុងកម្មវិធីភាពជាអ្នកដឹកនាំជនពិការវ័យក្មេង ហៅថាដាស្គីន (Duskin Leadership Training Program in Japan) នៅប្រទេសជប៉ុនរយៈពេល ១ឆ្នាំ (ឆ្នាំ២០១១ ២០១២)។ 
បុគ្គលិកអាកាសយានដ្ឋាន រុញកញ្ញា បុប្ជា ចេញពីកន្លែងអ្នកមកដល់
នេះគឺជារឿងដ៏សប្បាយរីករាយមួយសម្រាប់មជ្ឈមណ្ឌល ភ្នំពេញ CIL ពីព្រោះថាចាប់ពីពេលនេះតទៅមជ្ឈមណ្ឌលនឹង​ទទួលបុគ្គលិកដែលមានសក្កានុពលថ្មី ចំណេះដឹងថ្មី គំនិតល្អ ក្នុងការធ្វើឲ្យការងាររបស់មជ្ឈមណ្ឌលដំណើរការល្អ ឈានទៅរកការសម្រេចគោលដៅនាពេលអនាគត់។



ក្រុមគ្រួសាររបស់កញ្ញា បុប្ផា និងបុគ្គលិក PPCIL







លោក នាយក ព្រមទាំងបុគ្គលិក PPCIL ថតរូបជុំគ្នាពេលទៅទទួល បុប្ជា
















កញ្ញា ធារ៉ាទៅទទួលកញ្ញា បុប្ផា