Sep 7, 2012

សិក្ខាសាលាស្ដីពី ប្រព័ន្ធជំនួយការផ្ទាល់ខ្លួន


នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១២ មជ្ឈមណ្ឌលភ្នំពេញCIL បានរៀបចំសិក្ខាសាលាមួយស្តីពីប្រពន្ធ័ជំនួយការផ្ទាល់ខ្លួន ដែលមានទីតាំង នៅសាលប្រជុំស្រាបៀកម្ពុជា ស្ថិតនៅភូមិ បឹងជើងឯក សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយអំពីប្រពន្ធ័ជំនួយការផ្ទាល់ខ្លួន និងបញ្រ្ជាបបញ្ហាពិការភាពអោយបានទូលំទូលាយនៅក្នុងសង្គម។
កម្មវិធី
  • ចុះឈ្មោះ
  •  គោលបំណងនៃអង្គសិក្ខាសាលា
  • បទបង្ហាញស្ដីពីលទ្ធផលនៃវគ្គបណ្ដុះបណ្ដាលDuskin និងប​ទពិសោធន៏នៅប្រទេសជប៉ុន
  • បទបង្ហាញស្ដីពីប្រព័ន្ធសុខមាលភាពសង្គម និងប្រព័ន្ធជំនួយការផ្ទាល់ខ្លួននៅប្រទេសជប៉ុន តាមរយៈខ្សែវីដេអូ
  • ក្រុមពិភាក្សាលើប្រធានបទ​ (1.បញ្ហាជីវិតរស់នៅអាពាហ៍ពិពាហ៍​​ 2.ប្រព័ន្ធជំនួយការផ្ទាល់ខ្លួន 3.បញ្ហាពិការភាព)
  • សម្រាកអាហារថ្ងៃត្រង់
  • ប្រធានក្រុមនិមួយៗ ឡើងបង្ហាញពីលទ្ធផល
  • វេទិការពិភាក្សាលើប្រធានបទ(1.បញ្ហាជីវិតរស់នៅអាពាហ៍ពិពាហ៍​​ 2.ប្រព័ន្ធជំនួយការផ្ទាល់ខ្លួន 3.បញ្ហាពិការភាព)
  • ជីវិតរស់នៅរបស់ជនពិការធ្ងន់ធ្ងរ ក្នុងប្រទេសកម្ពុជា(1.ការចែករំលែកបទពិសោធន៍ 2.ការបង្ហាញពីបញ្ហាជនពិការធ្ងន់ធ្ងរ) 3.ការចែករំលែកបទពិសោធន៍ជីវិតអាពាហ៍ពិពាហ៍របស់អ្នកស្រីឡៅ ម៉ាលីកា
  • បិទកម្មវិធី
ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី លោកវ៉ែន រតនា បានឡើងស្វាគមន៏ និងថ្លែងអំណរគុណដល់ភ្ញៀវ កិត្តិយសជាតិ និងអន្តរជាតិទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃចូលរួមសិក្ខសាលាស្ដីពីប្រព័ន្ធជំនួយការផ្ទាល់ខ្លួន ដែលកម្មវិធីចាប់ផ្ដើមពីម៉ោង៩:០០នាទីព្រឹក រហូតដល់ម៉ោង៤:០០នាទីរសៀល។
បន្ទាប់មកលោកម៉ី សាម៉ីត នាយកប្រតិបត្តិមជ្ឈមណ្ឌលភ្នំពេញCILបានឡើងធ្វើបទបង្ហាញពីជីវប្រវត្តិរបស់មជ្ឈមណ្ឌល កម្មវិធីកំពុងតែប្រតិបត្តិ និងប្រវត្តិដែលបង្កើតអោយមានប្រព័ន្ធជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងរ។
ក្រោយពីបទបង្ហាញរបស់លោកម៉ី សាម៉ីត បានបញ្ចប់ កញ្ញាជា បុប្ផា បានឡើងបង្ហាញពីវគ្គសិក្សា ភាពជាអ្នកដឹកនាំរយៈពេលមួយឆ្នាំនៅប្រទេសជប៉ុន។បន្ទាប់ពីបានទៅទទួលវគ្គបណ្ដុះបណ្ដាល នៅប្រទេសជប៉ុនមក ធ្វើអោយកញ្ញាមានការផ្លាស់ប្ដូរក្លាយមកជាមនុស្សដែលគួរអោយ កត់សំគាល់។
បទបង្ហាញបន្តគឺកញ្ញាសាគី ដាយ៉ូ (ជនជាតិជប៉ុន) ដែលជាទីប្រឹក្សារបស់មជ្ឈមណ្ឌលភ្នំពេញCILបានប្រាប់អោយដឹងថាប្រជាជនជប៉ុនទាំងអស់រស់នៅក្នុងសង្គមតែមួយដោយស្មើភាព មិនថាពិការ ឬមិនពិការឡើយ។រាល់ហេដ្ឋារចនាសម្ព័ន្ថចល័តទីចេញចូលគឺបង្កលក្ខណៈងាយស្រួលដល់ជនពិការ ជាក់ស្ដែងដូចជា រថយន្តក្រុង,រថភ្លើង សុទ្ធតែមានជំរេល និងសំណង់អគារបំពាក់ទៅដោយជណ្ដើរយន្ត។ប្រព័ន្ធសុខមាលភាពសង្គមក៏ល្អ ជនពិការប្រាកបៀវត្តន៍សំរាប់ជីវភាពរស់នៅប្រចាំខែ ជាពិសេសមានប្រព័ន្ធជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងរថ្នាក់ជាតិ។កញ្ញាសាគី បានសង្កត់ធ្ងន់ថាអ្វីៗដែលប្រទេសជប៉ុនមានសព្វថ្ងៃដូចបានរៀបរាប់ខាងលើទាំងអស់នេះក៏ដោយសារតែចលនាជនពិការនៅក្នុងប្រទេសជប៉ុនមានភាពរឹងមាំ និងមានភាពសកម្ម។
អង្គសិក្ខាសាលាបានសម្រាកអាហារថ្ងៃត្រង់ក្រោយពេលបទបង្ហាញរបសកញ្ញាសាគីបញ្ចប់។
វេទិការពិភាក្សា ដោយចែកក្រុមពិភាក្សាជាបី៖
ក្រុមទី1 ពិភាក្សាលើប្រធានបទបញ្ហាអាពាហ៍ពិពាហ៍រវាងជនពិការ និងអ្នកដែលមានកាយសម្បទាល្អ មានបីសំនួរៈ
  1. ហេតុអ្វីបានជាអ្នកដែលមានកាយសប្បទល្អ មិនចង់រៀបអាពាហ៍ពិពាហ៍ជាមួយជនពិការ?
  2. តើជនពិការអាចបង្កើតគ្រួសារផ្ទាល់ខ្លួនបានដែរឬទ?មូលហេតុអ្វី?
  3. តើអ្នកយល់ដូចម្ដេចចំពោះក្រុមគ្រួសារមួយដែលមិនពេញចិត្តអោយសាច់ញាតិរបស់ខ្លួនរៀបអាពាហ៍ពិពាហ៍ជាមួយជនពិការ?
ក្រុមទី2 ពិភាក្សាលើប្រធានបទប្រព័ន្ធជំនួយការផ្ទាល់ខ្លួន មានបីសំនួរៈ
  1.  តើអ្វីទៅជាប្រព័ន្ធជំនួយការផ្ទាល់ខ្លួន?
  2. តើគួរតែបង្កើតប្រព័ន្ធជំនួយការផ្ទាល់ខ្លួនដែរឬទេ?
  3. តើអ្នកចង់ក្លាយខ្លួនជាជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងរដែរឬទេ?
ក្រុមទី3  ពិភាក្សាលើប្រធានបទបញ្ហាពិការភាព មានបីសំនួរៈ
  1.  តើជនពិការមានកំហុសដែរឬទេ?ហេតុអ្វី?
  2. តើរូបភាពបែបណាខ្លះដែលចាត់ទុកថាជាការរើសអើងមកលើជនពិការ?
  3. តើអ្នកយល់ដូចម្ដេចចំពោះមនុស្សម្នាក់ដែលធ្វើកិច្ចការមានលក្ខណៈប្លែកពីគេ?
 ការពិភាក្សាតាមក្រុមនិមួយៗ ជាលទ្ធផលបានបង្ហាញអោយឃើញថាចម្លើយមានភាពអវិជ្ជមានច្រើនទៅលើជនពិការទាំងអស់នេះ ដោយសារតែការយល់ដឹងទៅលើពិការភាពនៅមានកំរិត។
ក្នុងការឆ្លើយតបទៅនឹងបញ្ហាទាំងអស់នេះ វាគ្មិនបានពន្យល់បកស្រាយយ៉ាក្បោះក្បាយទៅលើប្រធានបទនិមួយៗ។

ការចែករំលែកបទពិសោធន៍ជីវិតអាពាហ៍ពិពាហ៍របស់អ្នកស្រីឡៅ ម៉ាលីកា​​ ដែលជាភរិយារបសលោកម៉ី សាម៉ីត នាយកប្រតិបត្តិ មជ្ឈមណ្ឌលភ្នំពេញCILបានបទបង្ហាញពី ជីវប្រវត្តិស្នេហាគ្រាដំបូង រហូតដល់ការរៀបអាពាហ៍ពិពាហ៍ និងទទួលនូវចំណងដៃ រវាងអ្នកស្រីនឹងលោកម៉ី សាម៉ីត គឺបុត្រីដ៏ស្រស់ស្អាតគួរអោយស្រលាញ់ម្នាក់ មានអាយុពីរខួបកន្លះ។អ្នកស្រីបានបន្តថា ចាប់តាំងពីស្រលាញ់គ្នា មកដល់បច្ចុប្បន្ន អ្នកស្រីពុំធ្លាប់មានបញ្ហាអ្វីជាមួយគ្នា ឡើយ។ទោះបីជាស្វាមីរបស់អ្នកស្រីជាជនពិការ ប៉ុន្តែគាត់បានបំពេញកាតព្វកិច្ចជាស្វាមី និងជាឪពុកដ៏ល្អម្នាក់ដូចអ្នកដែលមានកាយសម្បទា ល្អដែរ។តាមបទពិសោធន៍ជាក់ស្ដែង អ្នកស្រីទទួច និងសំណូមពរទៅដល់អ្នកចូលរួមទាំងអស់ សូមកុំអោយមានការរើសអើងមកលើជនពិការ ព្រោះថាជនពិការក៏ជាមនុស្ស មានក្ដីស្រលាញ់ មានការឈឺចាប់ មានសតិសម្បញ្ញៈ និងមានភាពទទួលខុសត្រូវខ្ពស់មិនចាញ់អ្នកដែលមិន ពិការឡើយ។
ជាកិច្ចបញ្ចប់លោកម៉ី សាម៉ីត នាយកមជ្ឈមណ្ឌលភ្នំពេញCILបានឡើងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅទៅដល់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ដែលបានខិតខំចំណាយ ពេលវេលាដ៏មានតម្លៃចូលរួមសិក្ខាសាលស្ដីពីប្រព័ន្ធជំនួយការផ្ទាល់ខ្លួនជនពិការ តាំងពីដើមមកដល់ចប់។ ជាពិសេសលោកក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនស្រាបៀរកម្ពជា ដែលបានអនុញ្ញាតិផ្ដល់សាលប្រជុំធំដល់មជ្ឈមណ្ឌលPPCILរៀបចំសិក្ខាសាលារយៈពេល ពេញមួយថ្ងៃដោយឥតគិតថ្លៃ។ បន្ទាប់ពីធ្វើការថ្លែងអណរគុណបានបញ្ច្ចប់ លោកប្រកាសបិទកម្មវិធី និងថតរូបរួមគ្នាទុកជាអនុស្សាវរីយ៍។
ក្រុមពិភាក្សាទី1
ក្រុមពិភាក្សាទី2
ក្រុមពិភាក្សាទី3
វាគ្មិនពន្យល់អំពីប្រធានបទទាំងបី
ការចែករំលែកបទពិសោធន៍របស់អ្នកស្រីឡៅ ម៉ាលីកា
ថតរូបជុំគ្នា