Feb 13, 2013

បទបង្ហាញស្តីពី បញ្ហាពិការភាព

ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៣

មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ (PPCIL) បានចុះទៅ ធ្វើបទបង្ហាញនៅ វិទ្យាល័យ ហ៊ុនសែន ជម្ពូវ័ន្ត មានទីតាំងនៅភូមិសាមគ្គី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងគោលបំណងផ្សព្វផ្សាយបញ្ហាពិការភាពទៅដល់ប្អូនៗ អោយបានយល់ដឹងពីពិការភាព។ ក្រុមការងារដែលចុះទៅធ្វើបទបង្ហាញមានដូចជា៖ លោក វ៉ែន រតនា កញ្ញា ជា បុប្ផា កញ្ញា គង់ ស្រី ញាណ(សុធារ៉ា) អ្នកនាង ឡៅ ម៉ាលីកា (ជាជំនួយការផ្ទាល់ខ្លួន ) ក្នុងនោះក៍មានប្អូនៗសិស្សានុសិស្សចំនួន ៦០នាក់ រៀនថ្នាក់ទី១០B  ចូលរួមស្តាប់ការធ្វើបទបង្ហាញស្តីពី បញ្ហាពិការភាព ដោយយកចិត្តទុកដាក់។
ជាកិច្ចចាប់ផ្តើម លោក វ៉ែន រតនា បានសួរសុខទុកដល់ប្អូនៗដែលមានវត្តមាននៅទីនេះ លោក វ៉ែន រតនា បានសួរសំនួរទៅប្អូនៗដូចម្តេចដែលហៅថាពិការភាព? ប្អូនៗបានឆ្លើយថា ពិការភាពគឺជនទាំងឡាយណាដែរខ្វះខាតរឺបាត់បង់សរីរាង្គណាមួយ។ កញ្ញា ជា បុប្ផា បានសួរសំនួរទៅប្អូនៗតើកត្តាអ្វីខ្លះដែលបង្កអោយពួកគាត់ធ្លាក់ខ្លួនពិការ? ប្អូនៗបានឆ្លើយថា គឺមានកត្តាជាច្រើនដែលបង្កអោយពួកធ្លាក់ខ្លូនពិការ ដូចជា៖ គ្រោះថ្នាក់ចរាចរណ៍  គ្រោះថា្នក់ការងារ ខ្វះអាហាររូបត្ថម្ភ ពិការពីកំណើត ជំងឺតម្កាត់ គ្រោះថ្នាក់ដោយសារគ្រាប់មីន។ល។
កញ្ញា ជា បុប្ផា បានសួរបន្តទៀតថា តើពេលដែលជនមិនពិកាគាត់ធ្លាក់ខ្លួនពិការគាត់មានបញ្ហាអ្វីខ្លះសម្រាប់គាត់? ប្អូនៗបាន ឆ្លើយថា ពិបាករកស៊ីចិញ្ចឹមជីវិត ពិបាករកគូរស្រករ  មិនសូវមានទំនាក់ទំនងជាមួយមជ្ឈដ្ឋានទូទៅ ពិបាកទៅផ្សារ សាលារៀន វត្តអារាម រឺទីប្រជុំជននានា ជាដើម។ កញ្ញា ជា បុប្ផា បានជំរាបប្រាប់ប្អូនៗថា សព្វថ្ងៃនេះមជ្ឈមណ្ឌល PPCIL ធ្វើការទៅលើជនពិការធ្ងន់ធ្ងរដែលគាត់មិនអាចធ្វើអ្វីបានដោយខ្លួនឯងបានទេគឺគាត់មានជំនួយការផ្ទាល់ខ្លួនជាអ្នកសម្រួលការរស់នៅប្រចាំថ្ងៃរបស់គាត់ដូចជា៖ការបំលាស់ទី ផ្លាស់ប្តូសម្លៀកបំពាក់ ចំអិនអាហារ និងការងារផ្សេងៗទៀត។
ហើយជនពិការគ្រប់រូបមានសិទ្ឋរស់នៅដោយស្មើភាពក្នុងសង្គមដូចជនមិនពិការដែរ។

លោក វ៉ែន រតនា បានពន្យល់ដល់ប្អូនៗថាទោះបីគាត់ពិការក៍គាត់នៅមានសមត្ថភាព អាចធ្វើការងារ ផ្សេងៗទៅតាមលក្ខណៈពិការរបស់គាត់ដូចជា៖ ជាងគំនូរ ជាងអេឡិចត្រូនិច
ម៉ាស្សា តន្ត្រី វាយកុំទ្យួទ័រ។ល។
ក្នុងឱកាសនោះកញ្ញា ជា បុប្ផា បានបង្ហាញរូបគំនូរគូរដោយមាត់របស់ជនពិការនៅប្រទេសតៃវ៉ាន់
ហើយនេះជាសមត្ថភាពពិតដែលគាត់អាចធ្វើបានល្អជាងមនុស្សដែលមានកាយសប្បទាគ្រប់គ្រាន់។
ជាចុងក្រោយលោក វ៉ែន រតនា បានសំណូមពរដល់ប្អូនៗ កុំអោយមានការរើសអើងមកលើជនពិការ
ត្រូវជួយលើកទឹកចិត្តដល់ពួកគាត់។
លោក វ៉ែងរតនា បានថ្លែងអំណរគុណដល់លោក  នាយក វិទ្យាល័យ ហ៊ុនសែនជម្ពូវ័ន្តបានអនុញ្ញាត អោយ ក្រុមការងារមជ្ឈមណ្ឌលPPCIL មកធ្វើបទបង្ហាញស្តីពីបញ្ហាពិការភាព សូមជូនពរ លោកនាយក លោកគ្រូ អ្នកគ្រូប្អូនៗសិស្សានុសិស្សមាន សុខភាពល្អនិងរៀន អោយបានពូកែ គ្រប់ៗគ្នា។
លោកវ៉ែន រតនា កញ្ញា ជាបុប្ផា ធ្វើបទបង្ហាញស្តីពីបញ្ហាពិការភាព

ប្អូនសិស្សានុសិស្សបានឡើងឆ្លើយសំនួរ
ថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍