Mar 6, 2013

កម្មវិធី ផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ជប៉ុន

ថ្ងៃទី04 ខែមីនា ឆ្នាំ2013
មជ្ឈមណ្ឌលPPCIL សហការជាមួយ​ OHSU & OCR (Osaka Health Science University School of Rehablitation) បានរៀបចំកម្មវិធី ផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ជប៉ុន។ គោលបំណងរបស់កម្មវិធីនេះ គឺ៖
  1. ចង់ផ្លាស់ប្ដូរនូវវប្បធម៌ប្រពៃណី កម្ពុជា ជប៉ុន មានការធ្វើម្ហូប ការលេងល្បែងកំសាន្ត និងមានការរាំរបាំប្រពៃណីកម្ពុជា ជប៉ុន។
  2. បង្កើតភាពស្និទស្នាលរវាងជនពិការធ្ងន់ធ្ងរ និងជនជាតិជប៉ុន។
  3. ចង់អោយនិស្សិតជនជាតិជប៉ុនស្វែងយល់ដឹងអំពីការរស់នៅរបស់ជនពិការនៅប្រទេសកម្ពុជាផងដែរ។
សមាសភាពចូលរួមមាន៖
_ក្រុមជនជាតិជប៉ុន 13នាក់
_ជនពិការ 9នាក់
_ជំនួយការផ្ទាល់ខ្លួន 11នាក់

_បុគ្គលិក PPCIL 7នាក់
_អ្នកចូលរួមស្ម័គ្រចិត្ត​ 7នាក់
របៀបវារៈកម្មវិធី
  •  ការណែនាំខ្លួនរបស់បុគ្គលិកPPCILនិងក្រុមនិស្សិតជនជាតិជប៉ុន។
  • បទបង្ហាញស្ដីពី ប្រវត្តិ និងសកម្មភាពរបស់មជ្ឈមណ្ឌលPPCIL (មានចាក់វីដេអូឃ្លីប)។
  • ការបែងចែកក្រុមធ្វើម្ហូបខ្មែរ និងម្ហូបជប៉ុន។
  • ការញ៉ាំអាហារថ្ងៃត្រង់។
  • កម្មវិធីលេងល្បែងកំសាន្ត(ផ្លុំប៉ោង ប៉ោង និងការរាវរកចាហ៊ួយក្នុងធុងទឹកកក)។
  • ការបង្ហាញរបាំប្រពៃណីកម្ពុជា ជប៉ុន។
  • ចំណាប់អារម្មណ៏របស់អ្នកចូលរួមកម្មវិធី។
  • បិទកម្មវិធី។
កម្មវិធីបានចាប់ផ្ដើមនៅវេលាម៉ោង ​09:35នាទីព្រឹក លោកវ៉ែន រតនា បានសម្ដែងការស្វាគមន៏ក្រុមនិស្សិតជនជាតិជប៉ុន និងសមាជិកចូលរួមកម្មវិធី ដោយលោក រតនាបានប្រសាសន៍ថា លោកពិតជាសប្បាយរីករាយណាស់ ដែលក្រុមនិស្សិតជនជាតិជប៉ុន បានមកធ្វើទស្សនៈកិច្ចមជ្ឈមណ្ឌលPPCIL ហើយបានរៀបចំកម្មវិធីនេះឡើង។ បន្ទាប់មកលោកវ៉ែន រតនា សូមអោយបុគ្គលិក អ្នកចូលរួម និងក្រុមនិស្សិតជនជាតិជប៉ុន ធ្វើការណែនាំខ្លួន ដើម្បីអោយងាយស្រួលស្គាល់គ្នាទៅវិញទៅមក។
បន្ទាប់ពីការណែនាំខ្លួនបានរួចរាល់ លោកវ៉ែន រតនា គោរពអញ្ជើញលោកម៉ី សាម៉ីត ជានាយកនៃមជ្ឈមណ្ឌលPPCILឡើងធ្វើបទបង្ហាញស្ដីពី ប្រវត្តិ និងសកម្មភាពរបស់មជ្ឈមណ្ឌលPPCILជូនក្រុមនិស្សិតជនជាតិជប៉ុន និងអ្នកចូលរួមទាំងអស់បានយល់ពីការកកើតនៃមជ្ឈមណ្ឌល និងសកម្មភាពដែលមជ្ឈមណ្ឌលPPCILកំពុងតែប្រតិបត្តិសព្វថ្ងៃ ដោយការចាក់វីដេអូឃ្លីបអំពីសម្មភាពដែលមជ្ឈមណ្ឌលបានធ្វើកន្លងមកនោះ។
កម្មវិធីបន្តគឺការធ្វើម្ហូបខ្មែរ និងម្ហូបជប៉ុន លោកវ៉ែន រតនា សូមអោយជនជាតិជប៉ុនពីរឬបីនាក់ ស្ម័គ្រចិត្តមករៀនធ្វើម្ហូបខ្មែរ ហើយអ្នកស្ម័គ្រចិត្តជនជាតិខ្មែរមករៀនធ្វើម្ហូបជប៉ុន។ ក្នុងនោះដែរមុខម្ហូបជប៉ុនមានឈ្មោះថា អូនីហ្គីរី(ONIGIRI) ធ្វើដោយជនជាតិជប៉ុន និងជនជាតិខ្មែរ ពីរ បីនាក់ចូលរួមធ្វើ។
គ្រឿងផ្សំម្ហូបអូនីហ្គីរី(ONIGIRI)មាន
  1. ត្រសក់
  2. ផ្លែប័រ
  3. សាច់ពូវជប៉ុន
  4. ពងទាចៀន
  5. ប្រហិតហតដក
  6. ប្រហិតសាច់ក្ដាម
  7. ម៉េយ៉ាណេស
  8. សារ៉ាយបន្ទះ
មុខម្ហូបខ្មែរដែលមានឈ្មោះថា សម្លម្ជួរគ្រឿងឆ្អឹងជំនីជ្រូក ធ្វើដោយលោកហ៊ុល វណ្ណីវុធ ជាជនពិការ និងមានជនជាតិជប៉ុនពីរ បីនាក់ផងដែរ។
គ្រឿងផ្សំសម្លម្ជួរគ្រឿងឆ្អឹងជំនីជ្រូក មាន៖
  1. ឆ្អឹងជំនីជ្រូក
  2. ត្រកួន
  3. គ្រឿងដែលបុករួច(គល់ស្លឹកគ្រៃ លមៀត ខ្ទឹម ម្ទេស........)
  4. ប្រហុក
  5. ម្ទេសក្រៀម
  6. អំពិលទុំ
  7. ខ្ទិះដូង
  8. គ្រឿងទេស(ស្ករ អំបិល ប៊ីចេង ទឹកត្រី ខ្លាញ់)។
នៅវេលាម៉ោង12:00ថ្ងៃត្រង់ ការចំអិនអារហាបានរួចរាល់ ក្រុមការងាររបស់មជ្ឈមណ្ឌលPPCIL និងក្រុមនិស្សិតជប៉ុន រៀបចំម្ហូបអារហាសម្រាប់ញ៉ាំជុំគ្នា។ ក្រោយពេលដែលញ៉ាំអារហាជុំគ្នារួចមក កម្មវិធីបន្ទាប់គឺ លេងល្បែងកំសាន្ត ផ្លុំប៉ោង ប៉ោង និងការរាវរកចាហ៊ួយក្នុងធុងទឹកកក។ ល្បែងកំសាន្តនេះ តម្រូវអោយជនជាតិកម្ពុជា ប្រាំមួយនាក់ និងជនជាតិជប៉ុន​ប្រាំមួយនាក់ ចាប់ដែគូរលេង។ ក្រោយពីចាប់ដៃគូររួចហើយ ដៃគូរនីមួយៗត្រូវផ្លុំប៉ោង ប៉ោង បានច្រើនជាងគេ ទើបអាចឈានទៅលេងល្បែងរាវរកចាហ៊ួយក្នុងធុងទឹកកក ហើយដៃគូរណាដែលរាវបានចាហ៊ួយបានច្រើន ដៃគូរនោះនឹងទទួលកាដូអនុស្សាវរីយ៏ពីកម្មវិធី។
កម្មវិធីផ្លាស់ប្ដូររបាំប្រពៃណីកម្ពុជា ជប៉ុន បានបង្ហាញដោយក្រុមនិស្សិតជប៉ុន ក្នុងនោះក្រុមនិស្សិតជប៉ុនបង្រៀនអំពីក្បាច់រាំ និងចម្រៀង ដើម្បីអ្នកចូលរួមទាំងអស់អាចចូលរាំ និងច្រៀងជាមួយក្រុមគាត់។ អ្នកចូលរួមទាំងអស់បានរាំ ច្រៀង បង្កើតនូវភាពសប្បាយរីករាយ ស្និទ្ធស្នាលជាមួយគ្នាបន្ថែមទៀត។ ការបង្ហាញពីរបាំប្រពៃណីរបស់កម្ពុជា គឺសម្ដែងដោយក្រុមរបាំអង្គការស្កេប មានរបាំបួន ដែលត្រូវសម្ដែងជូនទស្សនា ប៉ុន្ដែ ដោយសារតែពេលវេលាខ្លី ទើបកម្មវិធី បានសម្ដែងត្រឹមតែពីររបាំប៉ុណ្ណោះ គឺរបាំជូនពរ និងរបាំគេន។
លោកវ៉ែន រតនា អ្នកសម្របសម្រួលកម្មវិធី មានប្រសាសន៍ថា ដោយពេលវេលាខ្លី សូមអភ័យទោសដល់អ្នកចូលរួមទាំងអស់ ហើយសូមអោយអ្នកចូលរួមឡើងមានចំណាប់អារម្មណ៏ ចំពោះកម្មវិធី គឺជនជាតិខ្មែរ ពីរនាក់ និងជនជាតិជប៉ុន ពីរនាក់ដែរ។
ចំណាប់អារម្មណ៏អ្នកចូលរួមជនជាតិកម្ពុជា
 សំអូន៖ ខ្ញុំសូមថ្លែងអំណគុណចំពោះលោកនាយកមជ្ឈមណ្ឌលPPCILដែលបានអោយខ្ញុំមកចូលរួមក្នុង កម្មវិធីនេះ ថ្ងៃនេះខ្ញុំពិតជាសប្បាយរីករាយណាស់ បានរៀនអំពីការធ្វើម្ហូបជប៉ុន ញ៉ាំអារហាជុំគ្នា ការរាំរបាំជាមួយគ្នាំ គឺអាចបង្កើនភាពស្និទ្ធស្នាលរវាងជនជាតិកម្ពុជានិងជនជាតិជប៉ុន។
សិកា៖
ថ្ងៃនេះខ្ញុំសប្បាយរីករាយណាស់ ញ៉ាំជប៉ុនដែលរសជាតិឆ្ងាញ និងបានរាំរបាំប្រពៃណីជប៉ុន ទោះបីខ្ញុំមានការលំបាកក្នុងការលើកដៃរាំក៏ដោយខ្ញុំរាំសប្បាយជាមួយគ្នាដែរ។
ចំណាប់អារម្មណ៏ជនជាតិជប៉ុន
ដៃគី(Daiki)៖
ក្នុងអារម្មណ៏ខ្ញុំសប្បាយរីករាយណាស់ ដោយខ្ញុំបានបង្ហាញនូវមុខម្ហូប របាំរបស់ជប៉ុន និងបានលេងល្បែងកំសាន្ដជាមួយគ្នា ខ្ញុំសង្ឃឹមថានឹងអាចមកម្ដងទៀតនៅពេលក្រោយ។
យឹកា(Yuka)៖
ខ្ញុំសប្បាយណាស់ដែលបានមកទស្សនៈកិច្ចនូវមជ្ឈមណ្ឌលPPCILហើយប្រសិនជាជួបខ្ញុំនៅកន្លែណា សូមជួយហៅ ហើយសូមជួយណែនាំផង សូមអរគុណ។

កម្មវិធី ផ្លាស់ប្ដូរវប្បធម៌កម្ពុជា ជប៉ុន
បទបង្ហាញរបស់លោកម៉ី សាម៉ីត
ក្រុមធ្វើម្ហូបខ្មែរ

ក្រុមធ្វើម្ហូបជប៉ុន
លេងល្បែងកំសាន្ត
ការបង្ហាញរបាំប្រពៃណីជប៉ុន
របាំប្រពៃណីកម្ពុជា(របាំជូនពរ)
របាំគេន

ចំណាប់អារម្មណ៏អ្នកចូលរួមជនជាតិកម្ពុជា និងជប៉ុន
ថតរូបទុកជាអនុស្សាវរីយ៍