Mar 22, 2012

និស្សិតសាកលវិទ្យាល័យបញ្ញាសាស្ដ្រមកស្វែងយល់ពីជីវិតរបស់ជនពិការ

នៅថ្ងៃទី 15 ខែមិនា ឆ្នាំ2012

លោកនាយកជួបជាមួយប្អូននិស្សិតបញ្ញាសាស្ដ្រ














 
និស្សិតមកពីសាកលវិទ្យាល័យបញ្ញាសាស្ដ្រ បានមកមជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជន ពិការភ្នំពេញ ធ្វើការសំភាសន៏នូវជីវិតរស់នៅរបស់ជនពិការ ដើម្បីចងក្រងជាអត្ថបទនៃការសិក្សាបញ្ចប់ ឆ្នាំទី3របស់គាត់។ ការចងក្រងអត្ថបទនេះ គាត់ចង់ស្វែងយល់ពីជីវិតពិតរបស់ជនពិការ ប្រភេទពិការភាព និងពីមូលហេតុដែលបណ្ដាលអោយពិការ។ កញ្ញាថារី នឹងកញ្ញាចាន់ធី បានជួបជាមួយលោក នាយកនៃមជ្ឈមណ្ឌល ហើយលោកបាននិយាយអំពីជីវិតរស់នៅរបស់គាត់ ​និងបញ្ហាស្ថានភាព ទូទៅដែលទាក់ទង​ជនពិការដ៏ទៃ នៅក្នុងប្រទេសកម្ពុជា។ លោកនាយក បាននិយាយអំពីស្ថាន ភាពលំបាក តំរូវការរបស់ជនពិការនៅក្នុងសង្គម។ នៅសង្គមយើងគឺការយល់ដឹងមានកំរិតនៅឡើយ អំពីបញ្ហារបស់ជនពិការនោះ ហើយម៉្យាងទៀតជនពិការផ្ទាល់ គឺមិនបានបញ្ចេញពីតំរូវការរបស់គាត់ អោយអ្នកដ៏ទៃយល់ ធ្វើអោយជនមិនពិការរើសអើងមកលើគាត់។ ការមិនយល់ដឹងនេះ បានធ្វើ អោយសង្គមយើងបែងចែកជាពីរ គឺសង្គមជនពិការ និងសង្គមជនមិនពិការ មានការរើសអើងទៅវិញ ទៅមក។ ជាពិសេសគឺជនពិការ ធ្ងន់ធ្ងរដែលពួកគាត់សុទ្ធតែមានផលលំបាកខ្លាំង ក្នុងជីវិតរស់នៅរបស់គាត់ ពោលគឺ ការបំលាស់ទី ការរើសអើងពីក្រុមគ្រួសារនិងអ្នកដ៏ទៃ​ គ្មានសិទ្ធបញ្ចេញនូវមតិយោបល់ ព្រោះតែគាត់មិនអាចធ្វើអ្វីកើត ទើបសង្គមមិនបានតម្លៃទៅលើជនពិការនោះ។ ក្រោយពីបានការពន្យល់របស់លោកនាយករួចមក ប្អូននិស្សិតៗ បានយល់ដឹងច្រើនជាងមុន អំពីចលនាជីវិតរស់នៅរបស់ជនពិការ និងតំរូវការផ្សេងៗទៀត។
ទីបញ្ចប់ប្អូនទាំងពីរ បានថ្លែងអំណអរគុណទៅដល់លោកនាយកនៃមជ្ឈមណ្ឌល PPCIL ដោយបានចំណាយពេលដ៏មានតម្លៃ ដើម្បីធ្វើការបកស្រាយនូវអ្វីដែលប្អូនចង់ដឹង យកទៅធ្វើជាអត្ថបទសំរាប់បញ្ចប់ការសិក្សាឆ្នាំទី3របស់ពួកគាត់។ បន្ទាប់មកក៏បានថតរូបជាមួយប្អូននិស្សិតនិងបុគ្គលិករបស់ PPCIL ដើម្បីទុកជា អនុស្សាវរីយ៏ទៀតផង។
បុគ្គលិកPPCILថតរូបជាមួយប្អូននិស្សិតបញ្ញាសាស្ដ្រ