Jul 9, 2012

មជ្ឈមណ្ឌលPPCIL បានចុះទៅសួរសុខទុក្ខ បងស្រីចន្ថា

ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១២ បុគ្គលិកPPCIL បានចុះទៅផ្ទះបងស្រី ឆេង ចន្ថា មានអាយុ៣៥ឆ្នាំ ភូមិជើងឯក សង្កាត់ព្រៃស ខណ្ឌដង្កោ ភ្នំពេញ។ បងស្រីធ្លាក់ខ្លួនពិការបាក់ឆ្អឹងក. ដោយសារគ្រោះ​ថ្នាក់​ចរាចរណ៍ នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១១ (៨ខែមុន) ។
ពេលក្រុមការងារយើងបានទៅដល់ផ្ទះ បងស្រីចន្ថាភ្លាម ស្រាប់តែភ្លៀងមួយមេយ៉ាងធំ បានធ្លាក់​មកយ៉ាងខ្លាំងដូចជាការស្វាគមន៏ក្រុមការងារយើង​អញ្ចឹង!

កាលពីសប្តាហ៏មុន ពេលដែលមជ្ឈមណ្ឌលបានដឹងដំណឹងភ្លាមក្រុមការងារមានបុគ្គលិក ៤នាក់ រួមមាន លោកសាម៉ីត, កញ្ញាបុប្ផា, កញ្ញាសុធារ៉ា, លោកញ៉ឹប និងជំនួយការម្នាក់គឺ លោកសុខជា បានចុះទៅសួរសុខទុក្ខ​បងស្រី​ចន្ថា ព្រោះបងស្រីមានការធ្លាក់ទឹកចិត្ត ដោយមិនអាចទទួលយកការ​ពិតនេះបាន ។ បងស្រីតូចចិត្ត ខ្លួនឯងមិនចង់រស់នៅនាំតែពិបាក ពេលឈឺចុកចាប់ពេញរាងកាយ​ដោយសារ​ជម្ងឺរបស់គាត់ ។
គួរបញ្ជាក់ថា បច្ចុប្បន្នបងស្រីនៅមានការឈឺចាប់ ហើយស្រីនៅជាអ្នកជម្ងឺនៅឡើយ មិនទាន់ក្លាយ​ជាអ្នកពិការ១០០%ទេ។ សព្វថ្ងៃបងស្រីមានប្អូនស្រីបង្កើតរបស់បងមើលថែទាំរៀងរាល់ថ្ងៃ ។
ពេលដែលក្រុមការងារទៅដល់ផ្ទះគាត់ យើងទាំងអស់គ្នាក៍បានធ្វើការណែនាំខ្លួន ដើម្បីឲ្យបង​ស្រី​ចន្ថាបានស្គាល់​​ បន្ទាប់មក បងញឹបបាននិយាយពីប្រវត្តិរបស់គាត់ ពេលដែលគាត់ទើបបាន​គ្រោះ​ថ្នាក់ចរាចរណ៍ គឺនៅពេលដែលគាត់ធ្វើដំណើរទៅបង្រៀនសិស្សនៅវិទ្យាល័យសុខាផល្លី ខេត្ត​កំពង់ស្ពឺ។ ពេល គ្រោះថ្នាក់ថ្មីៗ គាត់ក៏មិនអាចធ្វើចិត្តបានដែរ បងញឹបបានរៀបរាប់ពី លក្ខណៈ ​និងស្ថានភាពពិការរបស់គាត់ប្រាប់ដល់បងស្រីចន្ថាឲ្យដឹង តែពេលនេះបងញឹប ក្លាយជាមនុស្ស​ម្នាក់ថ្មីពេលដែលបានស្គាល់ មជ្ឈមណ្ឌលPPCIL ។ សព្វថ្ងៃ បងញឹប អាចមកធ្វើការនៅPPCIL​ដោយប្រើជំនួយការ ហើយបងញ៉ឹបសំណូមពរឲ្យបងចន្ថា រឹងមាំឡើង ដើម្បីបានចូលរួមរាល់​សកម្មភាពរបស់PPCIL និងបានលើកទឹកចិត្តដល់បងចន្ថាផងដែរ ។ ក្នុងនោះកញ្ញា បុប្ផា បាននិយាយ ពីបញ្ហាពិការភាពប្រាប់ដល់បងចន្ថា ឲ្យគាត់យល់ថាអ្នកពិការ គ្រប់រូបមានសិទ្ធិ​ជាមូលដ្ឋានរបស់គាត់ ហើយជនពិការមិនត្រូវលាក់ខ្លួន នៅតែក្នុងផ្ទះមិនហ៊ាន ចេញមកខាងក្រៅ​នោះទេ ។  យើងត្រូវចេញមកមើលសង្គមខាងក្រៅដើម្បីដឹងថាយ៉ាងណា ថាជនពិការធ្ងន់ធ្ងរ ត្រូវការអ្វីខ្លះ? បន្តទៀតកញ្ញាបុប្ផា បានរៀបរាប់ពីសកម្មភាពមជ្ឈមណ្ឌលPPCILធ្វើការមាន ៥ កម្មវិធី ១.ផ្នែកអប់រំ ២.ផ្នែកពិគ្រោះយោបល់ ៣.តស៊ូមតិ ៤.ផ្នែកជីវិតឯករាជ្យនៃជនពិការ ៥.ផ្នែកជំនួយការ​ផ្ទាល់ខ្លួន ។ ពួកយើងទាំងអស់គ្នាសូមឲ្យបងស្រីចន្ថា មានចិត្តតស៊ូ ក្លាហានទទួល យកអ្វីជាការពិត ពិការភាពមិនមែនជាការខ្មាស់អៀននោះទេ នៅមានជនពិការច្រើនទៀតដែល នៅរងចាំការជួយ​និងលើកទឹកចិត្តពីបងស្រី ដូច្នេះបងស្រីត្រូវតែរឹងប៉ឹងឡើង ដើម្បីចលនាពិការភាព ។ ពេលដែលបងស្រីចន្ថា បាននិយាយពីអារម្មណ៍នៅក្នុងចិត្តរបស់គាត់ ជាមួយបុគ្គលិកPPCIL បានធ្វើឲ្យអារម្មណ៍ធូរស្បើយម្តងបន្តិចៗ ។ ថ្ងៃមុខ មជ្ឈមណ្ឌលPPCIL និងឧស្សាហ៍ទៅលេងបងស្រី ឆេង ចន្ថា អោយបានញឹកញាប់។

ខាងក្រោមនេះជាវីដេអូឃ្លីបនៃសកម្មភាព / Video Clip:
 


ក្រុមបុគ្គលិកPPCILចុះទៅជួបបងស្រី ចន្ថា
បងស្រី ចន្ថា កំពុងគេងនៅលើគ្រែ

ការលើកទឹកចិត្តពី លោកសេង ញឹប ជាជនពិការធ្ងន់ធ្ងរដូចគ្នា

កញ្ញា បុប្ផា លើកទឹកចិត្តដល់បងស្រី ចន្ថា