Sep 5, 2012

យុទ្ធនាការផ្សព្វផ្សាយស្ដីពីសិទ្ធចូលរួមដោយស្មើភាពក្នុងសង្គម និងចលនាជីវិតឯករាជ្យនៃជនពិការ

កាលបរិច្ឆេទ: ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២
រៀបចំដោយ: មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ
សមាជិកចូលរួម: ៤៨នាក់
កម្មវិធី
  • ចុះវត្តមាន
  • ភ្ញៀវកិតិយសអញ្ជើញ​ដល់
  • សន្ទរកថា ស្វាគមន៍ និងបទបង្ហាញអំពីគោលបំណងនៃកម្មវិធីមីនីត្រាយដោយលោក​នាយកមជ្ឈមណ្ឌល PPCIL 
  • សន្ទរកថាបើកកម្មវិធីដោយគណៈអធិបតី
  • សំរាកអាហារសម្រន់ និងបែងចែកក្រុម
  • ដង្ហែក្បួន
  • ចំណាប់អារម្មណ៏អ្នកចូលរួម
  • ថ្លែងអំណរគុណនិងប្រកាសបិទកម្មវិធី 
 នៅវេលាម៉ោង៨:៣០នាទីព្រឹកលោកម៉ី សាម៉ីត នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលភ្នំពេញ‌CIL
បានផ្តល់បទសម្ភាសជាមួយអ្នកយកព័ត៌មានមកពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍បាយ័ន និង ទូរទស្សន៍ប៉ុស្តិ៍លេខ៣ អំពីគោលបំណងដែលយើងបង្កើតអោយមាន
កម្មវិធីក្បួនដង្ហែរបស់ជនពិការតាមដងវិថី។កម្មវិធីនេះគឺបង្កើតឡើងដើម្បីផ្សព្វផ្សាយអោយ
បានទូលំទូលាយអំពីសិទ្ធិចូលរួមដោយស្មើភាពក្នុងសង្គមដោយមានចែកខិតបណ្ណ័ តាមដងផ្លូវ ។ បន្ទាប់ពីលោកម៉ី សាម៉ីតបានផ្តល់បទសម្ភាសចប់ ក្បួនដង្ហែបានធ្វើការបំបែកគ្នាជាពីរក្រុម ធ្វើដំណើរដោយថ្មើរជើងចាកចេញពីការិយាល័យ ឆ្ពោះទៅតាមតំបន់គោលដៅរៀងៗខ្លួន។

ក្រុមទី១
ចេញដំណើរតាមមហាវិធីសហពន្ធ័រុស្ស៊ីចូលបញ្ជ្រាបបញ្ហាពិការភាពនៅសាលាសង្កាត់កាកាប រួចបត់ស្តាំទៅផ្លូវ២០០៤រួចបត់ស្តាំតាមផ្លូវណតប្រ៊ីកសំដៅទៅផ្លូវវ៉េងស្រេង
ដោយធ្វើដំណើរតាមផ្លូវវ៉េងស្រេងឆ្ពោះទៅស្ថានីយ៍ប្រេងឥន្ធនៈសូគីម៉ិចច្រមុះជ្រូក ច្រមុះជ្រូកចំការដូងសង្កាត់ស្ទឹងមានជ័យរូចបំបែកជាពីរក្រុមដោយ​មួយក្រុមឡើងឡាន ទៅបញ្ជ្រាបបញ្ហាពិការភាពនៅសាលាសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោក ហើយមកកាន់ការិយាភ្នំពេញCIL វិញ ។

ក្រុមទី២
ចេញដំណើរចាប់ពីភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ឆ្ពោះមកផ្សារស្ទឹងមានជ័យ រួចត្រឡប់ក្រោយវិញតាមផ្លូវវេងស្រេង បត់ស្តាំតាមផ្លូវសឡា ឆ្ពោះទៅផ្លូវ២០០៤ រួចបត់ឆ្វេងទៅសាកលវិទ្យាល័យមេគង្គកម្ពុជា។ បន្ទាប់មកត្រឡប់ក្រោយវិញ ចូលស្ថានីយ៍ប្រេងឥន្ទនៈPTT រូចរំសាយឡើងឡានមកជួបជុំគ្នានៅការិយាល័យ។

សមាជិកក្រុមនិមួយៗបានអនុវត្តទៅតាមកម្មវិធីដែលបានគ្រោងទុកប្រកបដោយជោគជ័យ។ រីឯសមាជិកក្រុមនិមួយៗបានខិតខំប្រឹងប្រែងធ្វើដំណើរយ៉ាងស្វាហាប់ក្រោមកំដៅថ្ងៃដ៏សែនក្តៅ ដោយចែកខិត្តប័ណ្ណនិងស្រែកយ៉ាងកងរំពងនូវពាក្យស្លោកអប់រំមួយចំនួន ដែលសរសេរនៅលើបដា។ពាក្យទាំងនោះរួមមាន៖
1. រួមគ្នាធ្វើសិទ្ធិឲ្យក្លាយជាការពិត
2. ជំរើស ការសម្រេចចិត្ត និងការទទួលខុសត្រូវរបស់យើង
3. ពិការភាពមិនជាកម្មពៀរទេ
4. ការរើសអើងរបស់អ្នក គឺជាការឈឺចាប់របស់ខ្ញុំ
5. ពិការភាព គឺជាបញ្ហារបស់យើងទាំងអស់គ្នា
6. រួមគ្នាក៏សាងសង្គមមួយ សម្រាប់យើងទាំងអស់គ្នា

សូមបញ្ជាក់ផងដែរថា ក្រុមការងារយើងទាំងពីរក្រុមក៏បានទទួលទឹកសុទ្ធចំនួន៥កេស និង
 ២យួរ ពីស្ថានីយ៏ប្រេងឥន្ធនៈPTTផ្លូវ២០០៤ (សឡា) និងសប្បុរសជនដែលធ្វើដំណើរតាមដងវិថី ក្នុងខណៈពេលក្រុមការងារយើងកំពុងតែដង្ហែរក្បួនចែកខិត្តប័ណ្ណតាមដងវិថីនានា ។

ជាកិច្ចបញ្ចប់តំណាងក្រុមនិមួយៗបានឡើងសំដែងពីចំណាប់អារម្មណ៍របស់ខ្លួនថា នេះជាលើកទីមួយហើយដែលពួកគេបានចូលរួមសកម្មភាពដង្ហែក្បួនផ្សព្វផ្សាយអំពីសិទ្ធិ
ចូលរួមដោយស្មើភាពក្នុងសង្គមជាមួយជនពិការ។កម្មវិធីនេះថ្វីត្បិតតែមាន
ការនឿយហត់អស់កំលាំងក៏ពិតមែន ប៉ុន្តែពួកគាត់ពិតជាមានភាពសប្បាយរីករាយ
ដោយសារសមាជិកក្នុងក្រុមមានភាពស្និទិ្ធស្នាលជាមួយគ្នា ជាពិសេសនៅ
ពេលដែលពួកគាត់បានឃើញស្នាមញញឹមដ៏រីករាយរបស់ជនពិការនៅក្នុងក្រុមរបស់ពួកគាត់
បានធ្វើអោយពួកគាត់បាត់អស់នូវភាពនឿយហត់។
ពួកគាត់បានបន្ថែមអោយដឹងទៀតថា កម្មវិធីនេះពិតជាមានសារៈប្រយោជន៍សំខាន់ខ្លាំងណាស់
ចំពោះជនពិការ និងជនទូទៅ ។ពួកគាត់មានសេចក្តីរីករាយនិងមោទនភាពយ៉ាងខ្លាំង
ដែលបានចូលរួមកម្មវិធីនេះ។
កម្មវិធីនេះដំណើរការទៅបានដោយមានការឧបត្ថម្ភពីស្ថាប័នមួយចំនួនដូចជា៖
1. ហាងនំប៉័ងភ្នំពេញឧបត្ថម្ភនំប៉័ងស្នូលផ្អែម ៦០នំ
2. កាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ ឧបត្ថម្ភទឹកបរិសុទ្ធឱរ៉ាល់ ចំនួន៥កេស
3. សមាគមផ្តល់ រទេះរុញ ដើម្បីសង្គ្រោះ និងអភិវឌ្ឍន៍ (AAR WCD) បានឲ្យខ្ចីរទេះរុញសម្រាប់ជនពិការជិះ ចំនួន ៨គ្រឿង
សមាជិកក្រុមទី១
សមាជិកក្រុមទី២
ការឧបត្ថម្ភទឹកសុទ្ធ ពីពីស្ថានីយ៏ប្រេងឥន្ធនៈPTTផ្លូវ២០០៤ (សឡា)
រូបថតក្រុមទាំងពីរ