Mar 14, 2012

ចែកសំភារៈសិក្សាដល់កុមារពិការ

មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ បានធ្វើការសម្របសម្រួលចុះផ្ដល់ សំភារៈសិក្សាដល់កុមារពិការ កំពុងសិក្សាតាមសាលារដ្ឋ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១២ នៅសង្កាត់ ឃ្មួញ, អង្គស្នួល និងពងទឹក ពីម៉ោង៩ព្រឹកដល់ម៉ោង១២និង៣០ថ្ងៃត្រង់ ។ សំភារៈសិក្សាទាំងអស់នេះ គឺបានមកពីថវិកាផ្ទាល់ខ្លួនរបស់ កញ្ញា រស្មី ដែលជានិស្សិតបញ្ចប់ការសិក្សាពីសាកល វិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកភាសាជប៉ុន ។ កញ្ញា រស្មី យល់ថាកាលពីនៅរៀនធ្លាប់ជួបការលំបាកខ្វះខាតសំភារៈសិក្សា ដូចនេះហើយទើបកញ្ញា មានចាប់អារម្មណ៏ ចំពោះកុមារពិការ ក្រីក្រដែលពួកគេមានការលំបាកទាំងការបំលាស់ទីទៅសាលា ថែមទាំងមានការខ្វះខាតសំភារៈសិក្សា ដោយសារតែគ្រួសារពួកគេគ្មានលទ្ធភាពផ្គត់ផ្គង់នោះ ។ កញ្ញា រស្មី បានសូមឲ្យមជ្ឈមណ្ឌល​PPCIL ​សហការ និងជួយសម្របសម្រួល ក្នុងការចែកសំភារៈសិក្សានេះ ជូនដល់កុមារពិការ ពីព្រោះកញ្ញាធ្លាប់បានមកចូលរួម ក្នុងកម្មវិធីសិក្ខាសាលារបស់មជ្ឈមណ្ឌល PPCIL នៅសង្កាត់ ពងទឹក កាលពីឆ្នាំ២០១១ នឹងបានយល់ច្បាស់ពីសកម្មភាពលើវិស័យពិការភាពរបស់មជ្ឈមណ្ឌល ។
 
សកម្មភាពការចុះផ្ដល់សំភារៈ

កុមារពិការម្នាក់ទទួលបានសំភារៈសិក្សាមានដូចជា៖
សំភារៈសិក្សាដែលត្រូវចែកជូនកុមារពិការ


1.សៀវភៅសរសេរ​                       ៥ក្បាល
2.ប៊ិច                                              ១ដើម
3.ខ្មៅដៃ                                          ៣ដើម​​​​
4.ដែកខួងខ្មៅដៃ                            ១ឈុត
5.ខ្មៅដៃពណ៌                                 ១ប្រអប់
6.ទឹកលុប                                       ១ដើម
7.កាបូបដាក់ប៊ិច និងខ្មៅដៃ           ១ឈុត
8.សៀវភៅរឿងនិទាន ​                   ១ក្បាល
9.ដែកឈាន                                   ១ឈុត
10.បន្ទាត់                                         ១ឈុត
11.ដបដាក់ទឹក                                ១ឈុត
12.ជ័រលុប                                       ២ដុំ
    សំភារៈទាំងអស់នេះ បានទិញនិង រៀបចំដោយបុគ្គលិកPPCIL ក្នុងនោះបានរៀបចំជា៣កញ្ចប់ សម្រាប់កុមារពិការ ៣នាក់ និងចែកតាមទីលំនៅរបស់ពួកគេដូចខាងក្រោម៖
     1.សង្កាត់ឃ្នួញ
    កញ្ញាសុផារ៉ាជូនសំភារៈសិក្សាដល់ប្ញូនច័ន្ទមុន្នី











    កុមារឈ្មោះ ផល សុច័ន្ទមុន្នី អាយុ ៦ឆ្នាំ ភេទប្រុស រៀនថ្នាក់ទី​១ នៅសាលាបឋមសិក្សា ហ៊ុនសែនត្រពាំងរាំង ពិការដោយ​សារគ្រោះថ្នាក់ចរាចរណ៏។ តាមការសាក​សួរ ពីបុគ្គលិក និង ជំនួយការរបស់មជ្ឈមណ្ឌល PPCIL ប្អូនប្រុសច័ន្ទមន្នី ថា ”តើពេលដែលទៅរៀនបានអ្នកណា ជូនទៅសាលា និងមានការលំបាកអ្វីខ្លះ ក្នុងពេលទៅ រៀន?” ប្អូនប្រុសបានឆ្លើយមកវិញថា ”ពេលដែលទៅរៀនគឺ ម្ដាយរបស់គាត់ជាអ្នកជូនទៅពេលធ្វើដំណើរមានការលំបាកខ្លាំង ត្រូវឡើងទី​ទួលផ្លូវដែលខ្ពស់ជាងផ្ទះគាត់គឺពេលឡើងមកផ្លូវកៅស៊ូត្រូវជូនប្អូនប្រុសមកដាក់នៅលើផ្លូវជាមុនសិន ទើបម្ដាយគាត់ត្រឡប់ទៅយករទេះរុញមកតាមក្រោយ ទើបលើកប្អូនដាក់លើរទេះរុញ រួចរុញប្អូន ទៅសាលា។ ពេលដែលទៅដល់សាលាមានការលំបាកមួយទៀត ព្រោះថាសាលាគ្មានផ្លូវជំរេល សំរាប់ប្អូនប្រើរទេះទេ ហើយមានការរើសអើងពីមិត្តភក្តិក្នុងថ្នាក់រៀនទៀតផង មិត្តរួមថ្នាក់បានប្រើ ពាក្យសម្តីមិនសមរម្យទៅលើប្អូន។ តាមសម្ដីរបស់ម្ដាយប្អូនប្រុសវិញ ឲ្យដឹងថាប្រភេទពិការរបស់ កូនគាត់មានការលំបាកត្រង់ ពេលបត់ជើងទាំងតូចធំគឺគាត់អាចមិនដឹងមុនទេ​ ហើយត្រូវស្លៀក ខោទឹកនោមពេលទៅរៀនជានិច្ច។ ហើយពេលខ្លះកូនគាត់ត្រូវរលាគទៀតផង ។ បុគ្គលិក PPCIL បានសួរទៅប្អូនទៀតថា “គោលបំណង ថ្ងៃអនាគតតើប្អូនប្រុសមានចង់ក្លាយជាអ្វី?” ប្អូនបានឆ្លើយថា គាត់ចង់ក្លាយជាតន្ត្រីករ ព្រោះគាត់ចូលចិត្តភ្លេងពេលទំនេរគាត់បានយកចាននិងចង្កឺះមកវាយជា ភ្លេង”។

    2.ភូមិអង្គ
    កញ្ញាផារ៉ានិងមុន្នីរ័ត្នចែកសំភារប្អូនច័ន្ទរស្មី











    កុមារីឈ្មោះ សេង ច័ន្ទរស្មី អាយុ ១៣ឆ្នាំ ភេទស្រី រៀនថ្នាក់ ទី៣ នៅសាលាបឋមសិក្សាអូដឹម ពិការស្វិតរាង្គកាយ(ទន់)ពីកំណើត ពេលទៅរៀនឪពុកម្តាយជួលម៉ូតូកង់បី (តុកតុក) ជិះជាមួយ មិត្តភក្តិដ៏ទៃទៀតតម្លៃក្នុងមួយខែ ២០,០០០រៀល ។ សម្រាប់ប្អូនស្រីច័ន្ទរស្មី ពេលទៅសាលាមិន មានការលំបាកច្រើនទេ ព្រោះគាត់អាចដើរបាន ហើយមិនមានការរើសអើងពីសំណាក់មិត្តរួមថ្នាក់​ទេ។  ពេលអនគតប្អូនស្រីចង់រៀនភាសាអង់គ្លេ​ស​​អោយពូកែ ដើម្បីរកការងារតាមបណ្ដារក្រុមហ៊ុន ឬអង្គការនានា។ 

    3.សង្កាត់ពងទឹក
    កញ្ញាសុផារ៉ាចែកសំភារៈដល់ប្អូនសំអូន











    កុមារាឈ្មោះ សេង សំអូន អាយុ ១៣ឆ្នាំ ភេទ ប្រុស រៀនថ្នាក់ទី៥ នៅសាលាបឋមសិក្សាពងទឹក ពិការជើង(ប្រអប់ជើងកោង)ពីកំណើតប៉ុន្តែអាចដើរបាន ។ ពេលទៅរៀនប្អូនជិះកង់ រៀងរាល់ខែ ប្អូនទទួលបានចំណាត់ថ្នាក់លេខ១ ឬលេខ២ គោលបំ​ណងថ្ងៃអនាគតចង់ក្លាយជាអ្នកចម្រៀង ។ 

    លទ្ធផល

    កញ្ញា រស្មី បានបរិច្ចាកធនធានផ្ទាល់ខ្លួនទិញសំភារៈសិក្សា ឧបត្ថម្ភដល់កុមារពិការដែលពួកគាត់ កំពុងតែសិក្សានេះ ជាការជួយរំលែកនូវការលំបាកក្នុងការសិក្សារបស់ពួកគាត់មួយចំ​ណែកធំផងដែរ ។ ចំពោះកុមារពិការ ដែលបានទទួលសម្ភារៈសិក្សា ឃើញថាពួកគាត់ មានចិត្តសប្បាយរីករាយ និងអរគុណដល់កញ្ញារស្មី ដែលបានផ្ដល់សំភារៈទាំងអស់នេះ ។ ចំពោះក្រុមគ្រួសារវិញក៏មាន អារម្មណ៏រំភើបរីករាយ និងសម្តែងការកោតសរសើរនូវទឹកចិត្តសប្បុរសធម៌ប្រកបដោយការគោរព ដល់កញ្ញារស្មី និងមជ្ឈមណ្ឌលផងដែរ ។ ម៉្យាងវិញទៀតក្រោយពីបានជូបជាមួយកុមារ ទាំងបីនាក់ យើងឃើញថាពួកគាត់សុទ្ធតែជាក្មេងដែលឆ្លាត និងរៀនពូកែ ពីព្រោះចំណាត់ថ្នាក់ប្រចាំខែរបស់ គាត់ម្នាក់ៗ មិនលើសពីលេខ៧ទេ លទ្ធផលនេះជាការខិតខំរៀនប្រឹងប្រែងប្អូនៗផ្ទាល់ និងមានការ លើកទឹកចិត្តជួយពីក្រុមគ្រួសារផងដែរ ។
    ចំណាប់អារម្មណ៏របស់ប្អូនៗ
    ប្អូនៗ សប្បាយចិត្តយ៉ាងខ្លាំង ដែលបានទទួលសំភារៈសិក្សាទាំងអស់នេះ ហើយប្អូនៗក៏សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ និងជូនពរដល់ បង រស្មី ”សូមអោយ មានសុខភាពល្អ សំណាងល្អ សម្រស់កាន់តែស្អាត ប្រាថ្នាអ្វីអោយបានសម្រេច” ។